រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួនឥតសំណងចំនួន ១៨៣,៥៨៨ ដុល្លារអាមេរិក សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៨៣,៥៨៨ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួចំនួន២ ក្រោមគ្រោងការណ៍ជំនួនឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (គូសាណូណិ)។

កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហេត្ថលេខា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដោយ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។

តំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោង ដូចជា៖ 

១. គម្រោងមើលទកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ (ថវិកាចំនួន ១២០,៣០៨ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។

២. គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី (ថវិកាចំនួន ៦៣, ២៨០ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ ៖ មន្ទីរពេទ្យបង្អែកបរកែវ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និង ម៉ាស៊ីនភ្លើងថ្មី នៅមន្ទីរពេទ្យបង្អែកបរកែវ។

សូមបញ្ជាក់ថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់ពីតាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ៧២លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៧០៦គម្រោង នៅទូទាំងប្រទេសកម្ពុជា៕