
ឧត្តរមានជ័យ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំប្រកបដោយគុណភាព មានសារៈសំខាន់ខ្លាំងណាស់ក្នុងបុព្វហេតុអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ។

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងពិធីប្រគល់និងទទួលអំណោយជានិមិត្តរូបនូវអគារសិក្សា ១ខ្នង ៦បន្ទប់ ព្រមទាំងសម្ភារសិក្សា ពីក្រុមហ៊ុន Danone សម្រាប់សាលារៀនរងផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា ចាប់តាំងពីកើតមានការប៉ះទង្គិចនៅព្រំដែនមក ក្រសួងអប់រំ យុវជន និងកីឡា បានចុះទៅពិនិត្យទីតាំងសាលារៀនទាំង៧ ដែលរងខូចខាតក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។

បន្ថែមពីនេះ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អភិបាលខេត្ត អាជ្ញាធរខេត្ត មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូទាំងអស់ នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅបន្តបង្រៀនគ្រប់កាលៈទេសៈ និងបានខិតខំប្រឹងប្រែងជួយសម្របសម្រួល ជន្លាស និងការពារប្រជាជន ធានាបាននូវសុខសុវត្ថិភាព ជាពិសេសជួយគាំទ្រសម្រួលដល់ជីវភាពប្រជាជនក្នុងគ្រាដ៏លំបាកនេះ។

ពាក់ព័ន្ធនឹងការបើកបវេសនកាល នាដើមខែវិច្ឆិកា ខាងមុខនេះ ក្រសួង បានរៀបចំផែនការរួចជាស្រេច ដោយទីមួយ គឺជម្រើសសាងសង់អគារបណ្ដោះអាសន្នដើម្បីឱ្យសិស្សអាចចូលរៀនបានភ្លាមៗ ទន្ទឹមនឹងនោះ ក្រសួងក៏មានគម្រោងសាងសង់អគាររឹងមាំដើម្បីពង្រឹងការអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យកាន់តែល្អប្រសើរ ដោយគូសបញ្ជាក់ថា «ការអប់រំប្រកបដោយគុណភាព មានសារៈសំខាន់ខ្លាំងណាស់ក្នុងបុព្វហេតុអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ»៕






































Leave a Reply