ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បានបណ្ដេញចេញនូវជនបរទេសពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញជាង ១ម៉ឺននាក់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញនូវជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ១៥០០០នាក់ រួចទៅហើយ។

នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជា ក៏បានបណ្ដេញចេញនូវបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ២១០០០នាក់ ក្នុងមួយអាណត្តិ។

ប្រមុខក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ព្រមទាំង សម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេសដែលពាក់ព័ន្ធអនឡាញប្រមាណជាង ២១០០០នាក់ ក្នុងមួយអាណត្តិ។ ដោយឡែក ក្នុងនីតិកាលទី៧ នេះ គិតត្រឹមជាង ២ឆ្នាំ នៃដើមអាណត្តិទី៧នេះ យើងបានបណ្ដេញចេញប្រមាណជាង ១៥០០០នាក់រួចទៅហើយ»។

ប្រមុខក្រសួងមហាផ្ទៃ បន្ដថា ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការងារបទល្មើសអនឡាញ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បន្ដទៀតថា កិច្ចការងារបង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជាម្នាក់ឯងទទួលខុសត្រូវនោះទេ ដូច្នេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានស្នើដល់បណ្ដាប្រទេសនានាស្វែងយល់ពីគ្នាទៅវិញ ទៅមក ដើម្បីរួមបង្ក្រាបបទល្មើសអនឡាញ៕