សមត្ថកិច្ច ឃាត់ខ្លួនជនបរទេសជិត ៣០០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់ នៅកម្ពុជា

ព្រះសីហនុ ៖ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ ក្នុងក្រុងព្រះសីហនុ នាពេលកន្លងទៅ សមត្ថកិច្ច បានឃាត់ខ្លួន ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ជិត ៣០០នាក់ទៀត ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយតាមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក អ៊ី សុងឃី និង ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងសម្របសម្រលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ រួមមាន ជនជាតិប៉ាគីស្ថាន ២១៦នាក់ បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ 

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី ។

សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ាប្រឆាំងដោយខឹងសម្បារ ជាមួយជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ដើម្បីសម្របសម្រួល។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសនោះជាបន្ដបន្ទាប់ ដើម្បីចាត់ការតាមនីតិវិធី៕