
ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចុះបឋមសិលាសាងសង់ អគារមត្តេយ្យសិក្សាឈើកាច់ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ ដែលមានទីតាំងស្ថិតនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានគូសបញ្ជាក់អំពី គុណប្រយោជន៍ដ៏ធំធេង នៃអគារសិក្សាថ្មីនេះ ដែលនឹងក្លាយជាសមិទ្ធផលដ៏គាប់ប្រសើរសម្រាប់ចូលអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា។ ការសាងសង់អគារមត្តេយ្យសិក្សានេះ មិនត្រឹមតែផ្ដល់ទីកន្លែងសិក្សាប្រកបដោយផាសុកភាព សុវត្ថិភាព និងបរិស្ថានល្អប្រសើរប៉ុណ្ណោះទេ តែវាក៏ជាកត្តាដ៏សំខាន់ក្នុងការ ពង្រឹងគុណភាពអប់រំ ចាប់ពីកម្រិតមូលដ្ឋានតែម្ដង។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការយកចិត្តទុកដាក់លើការអប់រំកុមារតាំងពីវ័យដំបូងនេះ គឺជាការវិនិយោគរយៈពេលវែង ដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិ។ អគារសិក្សាថ្មីនេះនឹងអនុញ្ញាតឲ្យកុមារទទួលបានការថែទាំ ការបង្រៀន និងការលេងកម្សាន្តប្រកបដោយគរុកោសល្យត្រឹមត្រូវ ជួយអភិវឌ្ឍសមត្ថភាពខួរក្បាល បំណិនជីវិត និងឥរិយាបថល្អៗតាំងពីតូច។

សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតាមរយៈការចង្អុលបង្ហាញរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងការ ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ដើម្បីត្រៀមខ្លួនជាពលរដ្ឋល្អ និងជាសសរស្ដម្ភសម្រាប់កសាងប្រទេសជាតិនាពេលអនាគត។

តាមរយៈការអភិវឌ្ឍនេះ សង្ឃឹមយ៉ាងមុតមាំចំពោះការរីកចម្រើននៃវិស័យអប់រំនៅស្រុកបាភ្នំ ក៏ដូចជាទូទាំងខេត្តព្រៃវែងផងដែរ៕
















































Leave a Reply