
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទទូចស្នើដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដែលត្រូវមើលថែកូនចៅ ក្មេងតូចៗ កុំឲ្យលេងទឹក និងសូមទាក់ទាងមកអាជ្ញាធរ ឫសមត្ថកិច្ចក្នុងករណីត្រូវការអន្តរាគមន៍ ព្រោះថា «ទឹកជំនន់ទន្លេមេគង្គ បន្តហក់ឡើងខ្ពស់ ជិតដល់កម្រិតត្រូវប្រុងប្រយ័ត្ន»។

ដោយសារព្រះរាជាណាចក្រកម្ពុជា បានទទួលរងពីសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនារតី បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកឦសាននៃប្រទេសកម្ពុជា ជាហេតុបណ្ដាលឲ្យទឹកទន្លេមេគង្គ បន្តហក់ឡើងយ៉ាងគំហ៊ុក គួរឲ្យព្រួយបារម្ភ។

ជាវិធានការ ក្នុងបង្ការទប់ស្កាត់ ពីផលប៉ះពាល់ដោយសារទឹកជំនន់ មកលើភូមិឋាន ស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ខេត្តកំពង់ចាម នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ លោក អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដើម្បីសិក្សាលិទ្ធភាព ក្នុងកាតអន្តរាគមន៍ បង្ការ ទប់ស្កាត់ កុំឲ្យមានហានិភ័យកើតឡើងជាយថាហេតុ។

គួររលឹកថា នៅព្រឹកព្រលឹមស្រាងៗ ក្រុងកំពង់ចាម និងស្រុកដទៃ ក្នុងភូមិសាស្ត្រខេត្ត បានទទួលឥទ្ធិពលពីភ្លៀងមួយមេធំ បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀង ប៉ុន្តែក្រោយពេលរងភ្លៀងមួយស្របក់ ស្ថានភាពជំនន់ទឹកភ្លៀង ក៏ប្រែជាធម្មតាវិញ៕






































Leave a Reply