
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនា ដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ បានឆក់ប្លន់អាយុជីវិត និងដៃ ជើង ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជនទៀតផង។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។

លោកទេសរដ្ឋមន្រ្តី លី ធុជ គូសបញ្ជាក់ទៀតថា ទោះបីសកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីចំនួន ១៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា ឃាតករលាក់មុខទាំងនេះ នៅតែបន្តលាក់ខ្លួននៅក្រោមដី បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ដល់ភាពរុងរឿងរបស់កម្ពុជា។ ក៏ប៉ុន្តែ ទោះបីមានភាពភាពលំបាកយ៉ាងណាក៏ដោយ កម្ពុជា នៅតែបន្តមានក្តីសង្ឃឹម ដែលក្តីសង្ឃឹមនេះ ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងការងារពោរពេញដោយសេចក្តីក្លាហានរបស់អ្នកដោះមីន និងសាមគ្គីភាពរបស់សហគមន៍អន្តរជាតិ៕





































Leave a Reply