
បាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងខិតខំបង្រ្កាប ទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ល្បែងស៊ីសង ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍ ការបង្ក្រាបការឆ្លងដែន មនុស្សនិងទំនិញខុសច្បាប់ តាមព្រំដែន។

ការណែនាំរបស់ លោក អភិបាល ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោក អភិបាល ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក អភិបាល បានអំពាវនាវដល់ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់បានជ្រាប និងអញ្ជើញចូលរួម «ពិធីបុណ្យកឋិនសាមគ្គីរបស់រដ្ឋបាលខេត្តបាត់ដំបង» នៅថ្ងៃ១៥កើត-១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃអង្គារ-ពុធ ទី៧-៨ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ដែលនឹងដង្ហែទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា «វត្តព្រះពុទ្ធជ័យមង្គល ហៅវត្តបត់សាលា» ស្ថិតនៅក្នុង ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីប្រមូលបច្ច័យកសាងវត្ត។

លោក អភិបាល ក៏បានណែនាំបន្ថែមដល់ការរៀបចំបញ្ជីឈ្មោះពលករដែលចំណាកស្រុកវិលពីប្រទេសថៃវិញ របស់រដ្ឋបាលក្រុង ស្រុកទាំង១៤។ ការងារត្រៀមបង្ការគ្រោះមហន្តរាយ ដោយស្ថានភាពទឹកជំនន់ និងការត្រៀមសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះដំណាំផ្សេងៗផងដែរ៕







































Leave a Reply