
កំពង់ធំ ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក-កម្ពុជា អញ្ជើញប្រកាសជាផ្លូវការ «ក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ក្នុងទឹកដី នៃខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា បរិស្ថានគ្មានផ្សែងបារី “Smoke-Free” ជាបរិបទមួយដែលពិភពលោកក៏ដូចជា តំបន់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់ បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។

លោករដ្ឋមន្ត្រី បន្ដថា បច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្សប្រមាណ ៦លាននាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ដែលគិតជាមធ្យមប្រមាណជា ១៦.៤៣៨នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ មានអ្នកស្រូបផ្សែងបារីពីគេចំនួន ៦សែននាក់ ។ អ្នកស្លាប់ទាំងនោះគឺបណ្តាលមកពីជំងឺមហារីកសួត ដាច់ សរសៃឈាមខួរក្បាល មហារីកមាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះ ប្លោកនោម។ល។ ចំពោះ ស្រ្តីដែលមានគភ៌អាចធ្វើឱ្យទារកកើតមកខ្វះទម្ងន់ និងមានរាងកាយមិនគ្រប់លក្ខណៈ ។

លោករដ្ឋមន្ត្រី បន្ថែមថា បើគ្មានវិធានការទប់ ស្កាត់ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្សប្រមាណ ៨លាននាក់ ក្នុងមួយឆ្នាំ ហើយ ៨០%នៃអ្នកស្លាប់គឺស្ថិតនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ដោយឡែកនៅកម្ពុជាក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់បានស្លាប់ ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នចូលជាសមាជិកអនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់ ក្នុងការគាំទ្រ និងប្ដេជ្ញាអនុវត្តតាមគោលការណ៍ណែនាំដែលមានចែងក្នុងអនុសញ្ញារបស់អង្គការសុខភាព ពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់លើសុខភាព បរិស្ថាន និង សេដ្ឋកិច្ច៕






Leave a Reply