រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការបណ្តុះស្មារតីមនសិកាវិជ្ជាជីវៈរបស់មន្ត្រី ប្រៀបបានទៅនឹងដួងព្រលឹង ធ្វើឱ្យដំណើរការរបស់ក្រសួងស្ថាប័ន កាន់តែមានភាពរស់រវើក

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការបណ្តុះបណ្តាលស្មារតី មនសិកាវិជ្ជាជីវៈរបស់មន្ត្រីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ និងការទទួលខុសត្រូវ ប្រៀបាននឹងដួងព្រលឹង ដើម្បីធ្វើឱ្យដំណើរការរបស់ក្រសួង ស្ថាប័ន កាន់តែមានភាពរស់រវើក បំពេញការងារបានយ៉ាងលឿន ឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេសការវិវត្តថ្មីៗរបស់សង្គ។

ការថ្លែងបែបនេះរបស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែល លោក បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលារៀបចំផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «ការបណ្តុះបណ្តាលស្មារតី មនសិកាវិជ្ជាជីវៈ គឺសំខាន់ខ្លាំងណាស់ ធនធានមនុស្សរបស់យើង គឺប្រៀបបានទៅនឹងសាច់ ឈាម និងស្បែក ប៉ុន្តែ បើសិនយើងមានតែគ្រោងឆ្អឹង សាច់ ឈាម និងស្បែក តែអត់មានមនសិកា និងការទទួលខុសត្រូវ គឺរាងការល្អ ប៉ុន្តែ អត់មានការទទួលខុសត្រូវ និងអត់មានដួងព្រលឹង»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា មូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព ធ្វើកិច្ចការងារ មានទេពកោលស្យ ស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ និងគោរពលើការងាររបស់ខ្លួន នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់មុំទី១ នៅក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺនិយាយអំពីមូលធនមនុស្ស៕