ទណ្ឌិតចំនួន ១០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ទណ្ឌិតចំនួន ១០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១០០នាក់ ពីពន្ធនាគារខេត្តបាត់ដំបងដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន»។

ការផ្ទេរអ្នកទោសនេះ គឺដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕