ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ការផលិតទំនិញតម្រូវការក្នុងស្រុក ចាប់ផ្តើមមានការកើនឡើងគួរឲ្យកត់សម្គាល់

កម្ពុជាចាប់ផ្តើមការផលិតទំនិញបម្រើតម្រូវការក្នុងស្រុកកើនឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំ ស្របពេលដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងក្នុងពិធីបើក “ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃ ទី១១ ខែកញ្ញា ម្សិលមិញថា ក្នុងឆ្នាំ២០២៥នេះថា កម្ពុជាមានទីផ្សារបើកចំហរដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិត ផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ក្នុងន័យនេះប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬការប្រើប្រាស់ ផលិតផលណាមួយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើន ឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក ក៏កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេល ដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។ ជាការពិតផលិតផល ក្នុងស្រុកមានច្រើនប្រភេទរួមមាន៖ ផលិតផល និងម្ហូបអាហារកែច្នៃ, ចំណីអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគ, គ្រឿងសម្អាង, កសិផល, វត្ថុប្រើប្រាស់ក្នុងឧស្សាហកម្ម, និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ដែលអាចផ្គត់ផ្គង់តម្រូវ ការក្នុងស្រុក និងអាចជំនួសផលិតផលនាំចូលបានច្រើន។ ជាក់ស្តែងស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាព ពីសំណាក់ប្រទេស ជិតខាង បច្ចុប្បន្នផលិតករ ឧស្សាហករ និងសិប្បករក្នុងស្រុក បាននិងកំពុងបន្តខិតខំបង្កើត ពង្រឹង និងពង្រីកផលិតកម្ម។

សូមបញ្ជាក់ថា ក្នុងបរិការណ៍នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មើលឃើញនូវឱកាសដ៏វិសេសចំនួន៣សម្រាប់ក្រុមហ៊ុន និង សហគ្រាសក្នុងស្រុក ក្នុងនោះរួមមាន៖ ទី១. ឱកាសផ្សព្វផ្សាយពីផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយ និងមានការទទួល ស្គាល់ពីសំណាក់អ្នកប្រើប្រាស់, ទី២. ឱកាសពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាជន, និងទី៣. ឱកាសស្វែងរក និងចាប់យកទីផ្សារបន្ថែម ។ យ៉ាងណាមិញ, ដើម្បីអាចចាប់យកឱកាសទាំងនេះ បានពេញលេញ, ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ត្រូវខិតខំបង្កើត និងបង្កើនជំនឿទុកចិត្តខ្ពស់ ដល់អ្នកប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ទំនិញ ឬការផ្តល់សេវា ដែលមានគុណភាព មានអនាម័យ និងមានថ្លៃសមរម្យ៕