
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយបដិសេធទាំងស្រុងជុំវិញការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាថា មិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បំភ្លឺចំនួន៣ចំណុចដូចខាងក្រោម៖
១- រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានអង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពនិងព្យាបាលជំងឺជាប់ជាប្រចាំ ជូនកងទ័ពជួរមុខ។

២- អង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានអង្គភាពជួរមុខ បាននិងកំពុងពិនិត្យព្យាបាលជំងឺជូនកងទ័ពជួរមុខជាប់ជាប្រចាំ ទាំងមុនពេល អំឡុងពេល និងក្រោយពេលប្រយុទ្ធ។
៣- ចំពោះស្ថានភាពជំងឺរបស់យោធិនដែលតម្រូវឱ្យមានការព្យាបាលកម្រិតស្រាល អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យយោធារបស់អង្គភាពជួរមុខ ចំពោះការព្យាបាលកម្រិតមធ្យម អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ស្រុក និងខេត្ត។ ចំពោះការព្យាបាលកម្រិតធ្ងន់ អ្នកជំងឺត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ នៅរាជធានីភ្នំពេញ។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលសហការ ជាមួយអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ បានបញ្ជូនក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំនៅតាមទិសសមរភូមិមុខ ចាប់តាំងពីមុនពេលប្រយុទ្ធរហូតដល់បច្ចុប្បន្ន ថែមទាំងមានសម្ភារៈ គ្រឿងបំពាក់សុខាភិបាល និងថ្នាំពេទ្យឆ្លើយតបតាមតម្រូវការ៕



Leave a Reply