ជប៉ុន បង្ហាញក្តីរំពឹងថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ នឹងធូរស្រាលដោយសន្តិវិធី ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ

ភ្នំពេញ ៖ លោក KITAMURA Toshihiro អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានបង្ហាញក្តីរំពឹងទុកថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងស្ថិតក្នុងភាពផុយស្រួយនៅឡើយនោះ នឹងមានស្ថានភាពធូរស្រាលដោយប្រើប្រាស់យន្តការសន្តិវិធី ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ។

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃថា ជប៉ុនស្វាគមន៍កម្ពុជា-ថៃបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយនឹងវឌ្ឍនភាពក្នុងកិច្ចពិភាក្សាទាក់ទងនឹងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបន្តឡើងវិញនូវភស្តុភារឆ្លងព្រំដែន ដែលតំណាងឲ្យលទ្ធផលដ៏សំខាន់មួយដើម្បីជំរុញកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ។

លោក បន្តថា រដ្ឋាភិបាលជប៉ុនគោរពចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការកោះប្រជុំគណៈកម្មាធិការនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានលះបង់ខ្លួនដើម្បីឈានទៅមុខ លើកិច្ចព្រមព្រៀងឈប់បាញ់ក្នុងនាមជាប្រធានអាស៊ាន ។

អ្នកនាំពាក្យ បញ្ជាក់ថា រដ្ឋាភិបាលជប៉ុនរំពឹងថា ប្រទេសទាំងពីរនឹងបន្តអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ ហើយភាពតានតឹងរវាងកម្ពុជា និងថៃនឹងធូរស្រាលដោយសន្តិវិធី តាមរយៈការសន្ទនា ដោយចាត់ទុកថា នេះគឺទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)រវាងកម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានរួមគ្នាប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ដើម្បីធានាឲ្យតំបន់ព្រំដែនមានសន្តិភាពឡើងវិញ៕