ពលករខ្មែរចំនួន ២៨នាក់ ត្រូវបាននគរបាលចុះទប់ស្កាត់ បន្ទាប់ពីបម្រុងលួចឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធា និងស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ពលករខ្មែរ ត្រៀមបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ បានចំនួន ២៨នាក់ ក្នុងនោះមានស្រី ១៥នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ពលករខ្មែរទាំងនោះ ត្រូវបានទប់ស្កាត់ កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ នៅចំនុចភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរទាំងនោះ មួយចំនួនមានស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យ និងមួយចំនួនមកពីខេត្តបាត់ដំបង។

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ (ម៉ាឡៃ) បាននាំយកពួកគាត់មកសួរនាំ ជាលទ្ធផលពលករខ្មែរទាំងនោះ បានសារភាពថា ពួកគាត់ត្រូវបានមេខ្យល់នាំយកមករកផ្លូវបម្រុងលួចឆ្លងដែនទៅថៃ តែមិនទាន់បានឆ្លងផង ក៏ត្រូវនគរបាលចុះទប់ស្កាត់និងយកមកអប់រំណែនាំតែម្តង។ ហើយនៅល្ងាចថ្ងៃដដែលនេះ ពលរដ្ឋទាំងនោះត្រូវបានប្រគល់ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ អប់រំណែនាំបន្ត និងចាត់កម្លាំងនគរបាលដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅដ្ឋានវិញ៕