
ភ្នំពេញ ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព» ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក កែវ អូម៉ាលីស្ស រដ្ឋលេខាធិការតំណាងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Christof Weigelmeier ភារធារីស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Matthias Giegerich អគ្គនាយកប្រចាំអាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការ៉ាប៊ីននៃ GIZ ព្រមទាំងតំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្តក្រុងស្រុក អង្គការដៃគូអភិវឌ្ឍ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន និងភាគីពាក់ព័ន្ធប្រមាណ ៣០០នាក់។

ផែនទីបង្ហាញផ្លូវនេះត្រូវបានរៀបចំឡើងដោយផ្អែកលើយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាត្រីវិស័យក្នុងការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដែលយុទ្ធនាការដំបូងនៃការចូលមកកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងរបស់ឯកឧត្តម គឺយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ! ដែលនេះជាការអនុវត្តបន្តពីការងារអប់រំ ដែលជាស្នាដៃបន្សល់ទុករបស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលឯកឧត្តមនៅជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានបន្តមកដល់យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាច្រើនជាង១១លាននាក់៕





Leave a Reply