
សៀមរាប ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ។

នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន និងសមិទ្ធផលមួយចំនួនទៀត នាថ្ងៃទី៩ កញ្ញា នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកសមិទ្ធផលអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ជាមនុញ្ញផលថ្មីមួយទៀត កើតចេញពីមរតកនៃការដឹកនាំប្រកបដោយបទពិសោធឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពូនជ្រុំប្រកបដោយភាពស្វាហាប់ ពីរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្ជាប់នឹងអំណរសាទរជាមួយមន្ត្រីនគរបាល និងប្រជាពលរដ្ឋក្រុងថ្មីមួយនេះ លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំលោកវរសេនីយ៍អធិការ និងមន្ត្រីនគរបាលចំណុះអធិការដ្ឋាន រួមគ្នាថែទាំសមិទ្ធផលមួយនេះ ហើយខិតខំបំពេញតួនាទីភារកិច្ចឱ្យបានល្អដើម្បីកសាងគុណតម្លៃឱ្យអធិការដ្ឋានក្លាយជាកន្លែងផ្ដល់ទំនុកចិត្ត និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញការពេញចិត្តចំពោះការរៀបចំកសាងអធិការដ្ឋានថ្មីនេះ ថាមានលក្ខណៈស្តង់ដា មានរចនាបថស័ក្ដិសមសម្រាប់ការបំពេញការងាររបស់មន្ត្រីក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌របស់ជាតិ។ លោក ក៏បានណែនាំ នាយឧត្តមសេនីយ៍អគ្គស្នងការ សហការជាមួយអង្គភាពពាក់ព័ន្ធ ពន្លឿនការដោះស្រាយនិងរៀបចំអធិការដ្ឋានក្រុង ស្រុក ខណ្ឌមួយចំនួនឱ្យបានស័ក្ដិសមនៅមុនដំណាច់ឆ្នាំ២០២៨។

ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហការជាមួយខេត្តជាប់ព្រំដែន រួមចំណែករែកពុនដោះស្រាយការស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលនៃការប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់នឹងអំពើឈ្លានពានពីសំណាក់កងទ័ពថៃ៕









Leave a Reply