
ភ្នំពេញ ៖ បន្ទាប់ពីច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមនិងទទួលស្គាល់សន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិនេះ និងការដាក់ចេញច្បាប់ស្តីពីកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះ បង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រ នៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

យោងតាមប្រសាសន៍របស់ លោករដ្ឋមន្រ្តី រាជរដ្ឋាភិបាល បានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថាន តាមរយៈលិខិតលេខ៤៦សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងកំឡុងនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង៕



Leave a Reply