
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ នៅទីស្តីការក្រសួង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេសរបស់ក្រសួងខណៈដែលកម្ពុជាមានកម្មករនិយោជិតជាង ១លាននាក់កំពុងបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបសំណូមពររបស់ លោករដ្ឋមន្រ្តី លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ ដែលជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីចំពោះការផ្តល់អនុសាសន៍សម្រាប់កិច្ចសហការបណ្តុះបណ្តាលលើវិស័យដ៏មានសារសំខាន់នេះឱ្យជោគជ័យនាពេលអនាគត៕





Leave a Reply