
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ បន្តជំរុញការបើកថ្នាក់អក្ខរកម្ម និងភ្ជាប់ជាមួយនូវការប្រើប្រាស់បច្ចេកវិទ្យា គួបផ្សំជាមួយនឹងការបណ្តុះបណ្តាលមុខជំនាញ វិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក ជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍របស់ពួកគាត់ ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ក្រោមប្រធានបទ «ការលើកកម្ពស់ អក្ខរកម្មក្នុងយុគសម័យឌីជីថល» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បី ពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បី ក្លាយទៅជាពលរដ្ឋឌីជីថល និងចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យាព្រមទាំងចូលរួម យ៉ាងសកម្មក្នុងសង្គមឌីជីថល។
សម្ដេចធិបតី បន្ដថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលតាមគ្រប់រូបភាពលើផ្នែកឌីជីថល សម្រាប់ប្រជាជន កម្ពុជាគ្រប់វ័យ ក្នុងគោលបំណងជួយដល់ពួកគាត់ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ ឌីជីថល សម្រាប់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
សម្ដេចធិបតី បន្ថែមថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ មានពិការភាព ឬជនមានតម្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រប្រកបដោយសមធម៌និងបរិយាបន្ន៕







Leave a Reply