
បាត់ដំបង៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីមន្ត្រីជំនាញព្យាករឃើញស្ថានភាពទឹកស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងហក់ឡើងដល់កម្រិតបង្កហានិភ័យ បច្ចុប្បន្ន កើនឡើងដល់១៣,៧៦ម៉ែត្រ គឺជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយតាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែ ផ្នែកខាងលើ ទឹកកំពុងកើនឡើងជាបន្តបន្ទាប់។

ចំពោះមុខបញ្ហានេះ អាជ្ញាធរតំបន់គូសរំលេចថា៖«បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់សម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយ»។

ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត ជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ។

សូមជម្រាបថា ឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្ទចិនខាងត្បូង នឹងវិវត្តទៅជាព្យុះទី១៥ បោកបក់លើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា។ ស្ថានភាពនេះ ធ្វើឱ្យភ្លៀងបន្តធ្លាក់នៅទូទាំងប្រទេសកម្ពុជា កើនឡើងពីបង្គួរទៅច្រើន លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២៥៕




Leave a Reply