ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំនាំបច្ច័យចូលរួមបុណ្យសពវីរយុទ្ធជន

ក្រោមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ងិន បាណាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ លោក ម៉ិច ភារម្យ បានដឹកនាំក្រុមការងារតំណាងឯកឧត្ដមបណ្ឌិត ងិន បាណាល់ បាននាំយកបច្ច័យផ្ទាល់ខ្លួនឯកឧត្ដមបណ្ឌិតចំនួន ២ លានរៀល និងបច្ច័យក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំចំនួន ៣,៩០០,០០០រៀល ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពយុទ្ធជន ទេព ម៉ាឡា សរុបថវិកាចំនួន ៥,៩០០០,០០០ រៀល។

យុទ្ធជន ទេព ម៉ាឡា អាយុ ៣២ ឆ្នាំ បានពលីជីវិតនៅសមរភូមិភ្នំទ្រព្យ ខេត្តព្រះវិហារកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥។ ការចាកចេញរបស់លោកបានបន្សល់ទុកបុត្រាម្នាក់អាយុ ៦ ខែជាក្មេងកំព្រា និងភរិយាឈ្មោះ ធី សារ៉ាត់ អាយុ ២៥ ឆ្នាំ ជាស្រ្តមេម៉ាយ។ ក្រុមគ្រួសាររបស់យុទ្ធជន ទេព ម៉ាឡា មានទីលំនៅភូមិស្ពឺលិច ឃុំស្ពឺ (ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។

សពវីរៈជនរូបនេះ ត្រូវបានតម្កល់ទុកធ្វើបុណ្យនៅភូមិបោះពោធិ៍ ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ក្រុមគ្រួសារនៃសពបានធ្វើដំណើរពីស្រុកបាភ្នំទៅកាន់នៅខេត្តបាត់ដំបង ដើម្បីចូលរួមពិធីបុណ្យសព ដែលគ្រោងនឹងបូជានៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះ។