
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានអះអាងថា ករណីទាហានថៃ ដែលរងរបួស និងដាច់ជើងដោយសារជាន់មីនកាលពីកន្លងទៅថ្មីៗនោះ គឺកើតឡើងលើទឹកដីកម្ពុជា ដូច្នេះក្រសួងសូមទាត់ចោលទាំងស្រុងចំពោះការលើកឡើងរបស់ថៃ ដែលចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស ដែលហៅកាត់ថាអូតាវ៉ា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញកាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ថៃ ដែលបានចោទប្រកាន់កម្ពុជា ចំពោះករណីទាហានថៃឈ្លានពានចូលទឹកដីកម្ពុជា ហើយបានជាន់មាន់ផ្ទុះ បណ្តាលឲ្យដាច់ជើង និងរងរបួសចំនួនបីនាក់កាលពីកន្លងទៅនោះ។

ក្រសួងការបរទេស ចាំបាច់ត្រូវតែបញ្ជាក់ជាថ្មីថាហេតុការណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត១/២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។

ករណីទាហានថៃជាន់មីនលើទឹកដីកម្ពុជាបណ្តាលឲ្យដាច់ជើងនេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិបត្តិការអន្តរជាតិកម្ពុជាច្រានចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មិនប្រឆាំងមនុស្ស» ដែលចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំង មនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។

ដូច្នេះហើយ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំហរយូរអង្វែងរបស់ខ្លួនថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការ ដ៏សំខាន់របស់អង្គការសហប្រជាជាតិ គឺជាវេទិកាដ៏គួរឱ្យទុកចិត្តបំផុត និងមិនលំអៀងបំផុតសម្រាប់ការដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។

កម្ពុជាសូមជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះដោយស្មោះត្រង់ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្ដេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយ ជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំ ឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត និងរួមចំណែកដល់ស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ៕



Leave a Reply