ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការជួបជុំគ្នារបស់ប្រជាពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃឃឿនការពារជាតិប្រជាជន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា មូលហេតុនៃការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នាថ្ងៃនេះ គឺដើម្បីចងចាំថា ពលរដ្ឋទាំងអស់គ្នា ជាផ្នែកមួយនៃឃឿនការពារជាតិប្រជាជន ដោយចូលរួមគាំទ្ររាជរដ្ឋាភិបាល និងផ្តល់ជាកម្លាំងចិត្ត ដល់កងវីរៈភាព និងភាពអង់អាចក្លាហាន នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងនោះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ចំពោះថវិកាដែលគៀងគរបានទាំងអស់ នឹងត្រូវបូកសរុប និងបញ្ជូនទៅវីរកងទ័ពជួរមុខ ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ចំនួនទឹកប្រាក់ជារឿងមួយ រឿងសំខាន់មួយទៀត គឺទឹកចិត្តដែលចេញមកពីការផ្តួចផ្តើមគំនិត បូកផ្សំនឹងការធ្វើសកម្មភាពយ៉ាងមមាញឹក ទោះមានកិច្ចការងារស្នូលយ៉ាងណាក៏ដោយ ដែលបង្ហាញពីជម្រៅទឹកចិត្តរបស់អ្នកទាំងអស់គ្នា ។

លោក ហ៊ុន ម៉ានី បានទាញចំណាប់អារម្មណ៍ដល់អ្នកចូលរួមផ្ទាល់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី ឱ្យដឹងថា ការជួបជុំក្នុងថ្ងៃនេះ គឺជាឃឿនការពារជាតិប្រជាជន ដោយចាប់ផ្តើមដំបូងបង្អស់ គឺចងចាំទៅលើថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកងទ័ពឈ្លានពានបានចូលមកវៃឆ្មក និងបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ ដែលជាចំណុចមិនអាចបដិសេធបាន ក្រៅពីនោះ ការញុះញ៉ងជាបន្តបន្ទាប់ មានលក្ខណៈជាការប្រមាថមកលើព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការគំរាមកំហែង ការកាត់ប្រព័ន្ធអគ្គិសនី អ៊ីនធើណេត ការកាត់ទៅលើការផ្គត់ផ្គង់ប្រេងនិងឧស្ម័ន ដែលទាំងនេះ គឺជាការមើលស្រាល លើសមត្ថភាពរបស់កម្ពុជា ក្នុងការឈរជើងដ៏រឹងមាំសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ 

លោក បន្ដថា តែមកដល់ពេលនេះ កម្ពុជា នៅឈរលើស្មារតីរឹងមាំ ឈរដោយមានភាពជឿជាក់ថាទោះបីមានការគំរាមកំហែងយ៉ាងណា តែកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនចាំបាច់ឱ្យគេគំរាមនោះទេ គឺបានធ្វើមុនតែម្តង និងបានកំពុងឈរជើងយ៉ាងរឹងមាំ សម្រាប់បម្រើប្រជាជន៕