
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីគំនិតផ្តូចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមាននូវសួនឧស្សាហម្មបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជា។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន HUAWEI Cambodia Co., LTD. ដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំពហុប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា នាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia Co., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះដែរ លោក TAO ក្នុងនាមក្រុមហ៊ុន Huawei បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក.អ.ក. ចំពោះការគាំទ្រកន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់ការរីកលូតលាស់របស់ក្រុមហ៊ុន Huawei នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់។

បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានជម្រាបជូនអំពីរបាយការណ៍សង្ខេបជុំវិញវឌ្ឍនភាពរបស់ Huawei Group និង Huawei Cambodia ដោយផ្តោតលើលទ្ធផលការងារឆ្នាំ ២០២៤ និងបច្ចុប្បន្នភាពនៃស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនខ្លួន។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគំនិតផ្តូចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមាននូវសួនឧស្សាហម្មបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមក្នុងការជំរុញបរិយាកាសវិនិយោគនៅកម្ពុជា ពាក់ព័ន្ធនឹងឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ឱ្យកាន់តែមានភាពរស់រវើក។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកនាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia ក៏បានធ្វើការពិភាក្សាជុំវិញការចាប់យកឌីជីថលូបនីយកម្ម ក្នុងការធ្វើបរមភាវូបនីយកម្មដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ប្រកបប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីជាការចូលរួមបង្កើនល្បឿនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ឱ្យស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្ដោតលើអាទិភាពគន្លឹះចំណុចទី១ និងទី៥ គឺមនុស្ស និងបច្ចេកវិទ្យា ក៏ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ផងដែរ៕



Leave a Reply