
ព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦កន្លែង ដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន ៦៤នាក់ ក្នុងនោះ ជនជាតិវៀតណាម ៦៣នាក់ និងខ្មែរម្នាក់

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៦កន្លែង ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជាលទ្ធផល៖ ឃាត់ខ្លួនមនុស្សសរុប ៦៤នាក់ (ស្រី ១៦នាក់) មានសញ្ជាតិវៀតណាម ៦៣នាក់ និងខ្មែរ ១នាក់។ ក្នុងចំណោមនេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ ១នាក់ ។

លើពីនេះ រកឃើញសម្ភារៈបច្ចេកវិទ្យាមួយចំនួនសម្រាប់បម្រេីឲ្យការប្រព្រឹត្តបទល្មើសដូចជា កុំព្យូទ័រ ៨៧គ្រឿង ទូរស័ព្ទ ៥៨គ្រឿង និងសម្ភារៈផ្សេងៗទៀត ។ រកឃើញសង្ស័យជាសារធាតុញៀនចំនួន ២៨គ្រាប់ និងលិខិតឆ្លងដែន ៣៤ក្បាល ។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់តាមផ្លូវច្បាប់ ៕




Leave a Reply