សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៣២ នៃទិវាកងរាជអាវុធហត្ថ 

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។

ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

យោងតាមប្រវត្តិដែលបានចងក្រងទុក បានឱ្យដឹងថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ៤៤៦ NS. និង៤៤៧ NS. ដែលមានឈ្មោះដំបូងថា «កងរាជអាវុធហត្ថខ្មែរ» បានធ្វើសកម្មភាពរហូតដល់មុនថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧១ កងរាជអាវុធហត្ថខ្មែរ បានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ»។ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជាពុំមានកងរាជអាវុធហត្ថទេ។

តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា និងរចនាសម្ព័ន្ធចាត់តាំង នៃអគ្គសេនាធិការដ្ឋាន ក្នុងចំណោមស្ថាប័ន អង្គភាពទ័ពជំនាញ មានស្ថាប័នជំនាញមួយ គឺ «កងអាវុធហត្ថ» ដែលមានតួនាទី ជាតម្រួតយោធាគ្រប់គ្រងលើផ្នែកវិន័យ សណ្តាប់ធ្នាប់កងទ័ពទាំងទីតាំងក្នុងបន្ទាយ និងតាមទីសាធារណៈ៕