សម្ដេច នាយករដ្ឋមន្ដ្រី ៖ កម្ពុជា ធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំ និងគ្រប់គ្រង សង្គម-សេដ្ឋកិច្ច របស់ខ្លួន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ ណាស់មកហើយ។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជា មានច្បាប់សម្រាប់គ្រប់គ្រង និងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាល នៃទំនើបនីយកម្ម ច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩»។

សម្ដេចធិបតី បន្ដថា កាលនោះ ច្បាប់កំពូលរបស់កម្ពុជា មាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្របដណ្ដប់លើអំណាចទាំងអស់ រួមទាំងអំណាចរបស់ព្រះមហាក្សត្រ។ ផ្អែកតាមសិលាចារឹកនាសម័យអង្គរ ព្រះមហាក្សត្រ បានលើកតម្កើង ព្រះធម្មសាស្ត្រ ជាច្បាប់កំពូល និងគោរពប្រតិបត្តិ តាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ ជាព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។

សម្ដេចធិបតី បន្ថែមថា ទំនៀមនេះ បានគូសបញ្ជាក់អំពីទស្សនៈវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿឬសាសនារបស់ប្រជារាស្ត្រទូទាំងប្រទេសផង ដោយព្រះវីរគំរូរបស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជាមហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ៕