លោក ស៊ុន ចាន់ថុល ៖ អាមេរិក បើកផ្លូវឱ្យកម្ពុជា អាចបន្តចរចាទម្លាក់អត្រាពន្ធបដិកាបន្ថែមទៀត ខណៈកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច 

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងបន្តចរចាពន្ធបដិកាជាមួយអាមេរិកបន្ថែមទៀត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ត្រាំ សម្រេចបន្ថយអត្រាពន្ធដល់កម្ពុជាក្នុងកម្រិតពី៤៩% មកត្រឹម ៣៦%។

តែយ៉ាងនេះក្តី លោក បានលើកឡើងថា បើទោះបីជាអត្រាពន្ធបដិកានាំចេញទៅអាមេរិកស្ថិតក្នុងកម្រិត៣៦% ក៏ដោយ ប៉ុន្តែតាមរយៈការចរចានេះ កម្ពុជាទទួលបានលទ្ធផលប្រសើរជាងគេ បើធៀបនឹង ១៤ប្រទេសផ្សេងទៀត ពោលគឺបានធ្លាក់ចុះប្រមាណជិត២៧% ហេតុដូច្នេះហើយកម្ពុជា នឹងបន្តចរចានៅជំហានបន្ទាប់ទៀត។

ក្នុងសន្នីសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចចរចាពន្ធបដិការរបស់អាមេរិក ដែលកម្ពុជាសម្រេចបាន ៣៦ភាគរយ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ថា «កម្ពុជា នៅថ្ងៃទី២ មេសា ពន្ធបដិកាគឺ៤៩% ចុះមក៣៦% បើជាតម្លៃចុះ១៣% ប៉ុន្តែគិតជាភាគរយ គឺចុះ២៦.២៧%។ អ៊ីចឹងគឺយើងថយជិត២៧% បើធៀបនឹងអត្រាពន្ធដែលគាត់ដាក់កាលពីថ្ងៃទី២ ខែមេសា។ បើប្រៀបធៀបប្រទេសផ្សេងៗទៀតដូចជាឡាវ ម៉ាឡេស៊ី។ ហើយម៉ាឡេស៊ីឡើងពី២៤% ទៅ២៥%។ ដូច្នេះបានខ្ញុំថា យើងទទួលបានជោគជ័យណាស់ ជោគជ័យក្នុងការចរចា ហើយការទទួលបានជោគជ័យនេះ គឺដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់តាមការចង្អុលបង្ហាញរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត»។

បើតាម លោក ស៊ុន ចាន់ថុល អត្រាពន្ធពន្ធបដិកា៣៦% នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងករណីដែលកម្ពុជាគ្មានការចរចាជាមួយអាមេរិកបន្តទៀត។ ប៉ុន្តែបើយោងតាមលិខិតដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនសម្តេចបវរធិបតី លោក នឹងបើកឱកាសឱ្យកម្ពុជាទៅចរចាបន្ថែមទៀត ឱ្យបានមុនថ្ងៃទី១ ខែសីហា។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រា តាមលិខិតរយៈលិខិតផ្ញើជូន សម្តេចបវរធិបតី សហរដ្ឋអាមេរិកបានទម្លាក់អត្រាពន្ធបដិកាលើកម្ពុជាពី ៤៩% មកនៅ ៣៦%៕