
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា «ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះ បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ»។
សូមរំលឹកថា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួប ១៧ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣) ដែលមរតកដ៏មហាសាលរបស់កម្ពុជាមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក៕





































Leave a Reply