កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់អាម៉េរិក ហើយចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់អាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាសហធិបតី រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីរបស់ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី ២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) រៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅ កម្ពុជា នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រីភារធារី ក៏បានរំលេចអំពីខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក ដោយបានបញ្ជាក់ថា នេះគឺជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតមួយដែលមានភាព រុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំដ៏សំខាន់ ដែលយើងរួមគ្នាអបអរខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសជាតិទាំងពីរបានកសាងនូវភាពជាដៃគូយ៉ាងរឹងមាំ និងកាន់តែស្អិតរមួត ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យ ដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាដែរថា «កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ»៕