នាយករដ្ឋមន្ដ្រី ប្រាប់តំណាង UNDP ថា ចាប់តាំងពីកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុងចុងឆ្នាំ១៩៩៨រាជរដ្ឋាភិបាល បានខិតខំកៀរគរធនធានមនុស្ស ដើម្បីអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់តំណាង UNDP ថា ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាល បានខិតខំកៀរគរ ប្រមូលកម្លាំង និងធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលជាច្រើន និង ជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡើងវិញពីចំណុចសូន្យ ក្រោយពីសង្គ្រាម ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

លោកស្រី បានសង្កត់ធ្ងន់ថា «សន្តិភាព បាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណាដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ»។ លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំ របស់ សម្ដេចបវរធិបតី,  កម្ពុជានឹងកាន់តែមានការអភិវឌ្ឍ, រីកចម្រើន និង រឹងមាំបន្ថែមទៀត។ 

ជាឆ្លើយតប សម្ដេចបវរធិបតី គូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជន ជាចម្បង តាមរយៈការពង្រឹងវិស័យអប់រំ , វិស័យសុខាភិបាល, ការបង្កើតការងារជូនដល់ប្រជាជនកម្ពុជាសំដៅដល់ការ លើកកម្ពស់ មូលធនមនុស្សកម្ពុជា ព្រមទាំង ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១.៥ លាននាក់ ឱ្យមាន ចំណេះដឹង និង ជំនាញ មួយច្បាស់លាស់ ដែលនឹង រួមចំណែកដល់ ការត្រៀមខ្លួន របស់ កម្ពុជាក្នុងការចាកចេញ ពី ប្រទេស ដែល មាន ការ អភិវឌ្ឍ តិចតួច (LDC) នៅ ឆ្នាំ ២០២៩ ប្រកប ដោយ ភាព ធន់៕