នគរបាលរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួចរថយន្ដ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបបានករណីលួច (រថយន្ត) ១គ្រឿង ដោយឃាត់ជនសង្ស័យ៤នាក់។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ រួមមាន ទី១៖ឈ្មោះ ឈឹម បូរ៉ា អាយុ៣៧ឆ្នាំ, ទី២៖ ឈ្មោះ លី រ៉ាវី អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ ពៅ ពេជ្រ អាយុ២៧ឆ្នាំ និងទី៤៖ ឈ្មោះ ប្រាក់ អុល អាយុ២៣ឆ្នាំ។ វត្ថុតាងចាប់យក រថយន្ត១គ្រឿង ម៉ាក Prius ពណ៌ខៀវ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខភ្នំពេញ2BK-0148។

កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១៖៣០នាទី ជនរងគ្រោះឈ្មោះ គ្រី រីកូ ភេទប្រុស អាយុ៤៦ឆ្នាំ បានទុករថយន្ត១គ្រឿង ម៉ាក Prius នៅមុខផ្ទះលេខ៣៥B ផ្លូវលេខ២B បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោទ្វាររថយន្តត្រឹមត្រូវ រួចជនរងគ្រោះក៏បានចូលសម្រាកក្នុងផ្ទះ។

លុះរហូតដល់វេលាម៉ោង៤៖១៥នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានក្រោកពីដេកចេញទៅមើលរថយន្ត ស្រាប់តែបាត់រថយន្តពីកន្លែងទុក ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យជួយអន្តរាគមន៍។

សមត្ថកិច្ច ក៏បានចុះធ្វើការស្រាវជ្រាវតាមជំនាញ គឺឃើញសកម្មភាពជនសង្ស័យលួចរថយន្តរបស់ជនរងគ្រោះនៅវេលាម៉ោង២៖២៥នាទី យប់អធ្រាត្រថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រួចសមត្ថកិច្ចក៏បានចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ខាងលើ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមនីតិវិធី៕