ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងទាមទាឱ្យមានការប្រុងប្រយ័ត្ន

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងថា ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាព្រឹកនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាព ចាប់ពេលនេះទៅមុខទៀត ដោយរបៀបណា។ 

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឆន្ទៈខ្ពស់លើវិស័យ ចំនួន ២ ស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃ នោះគឺ ទី១. វិស័យអប់រំ និងទី២. វិស័យសុខាភិបាល។ 

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គោលនយោបាយនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀង នាព្រឹកនេះ មានចំនួន ៥០៤នាក់៕