
ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា កម្ពុជាជំរុញអ្នកពាក់ព័ន្ធនៅទូទាំងពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសាធារណជន ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដែលអាចទុកចិត្តបាន ដើម្បីចៀសវាងពីវិបត្តិប្រព័ន្ធអេកូឡូស៊ី ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត។

ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំដោយអង្គការ UNESCO នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន លោក ទេព អស្នារិទ្ធបានថ្លែងថា សង្គមសព្វថ្ងៃប្រឈមនឹងបញ្ហាស្របគ្នាគឺវិបត្តិផ្នែកបរិស្ថានរាប់បញ្ចូលការប្រែប្រួលអាកាសធាតុ ការបាត់បង់គម្របព្រៃឈើនិងជីវចម្រុះ ការបំពុល និងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។

លោក ថា «ព័ត៌មានមិនពិតបានលេចចេញ និងមានវត្តមានកាន់តែខ្លាំងឡើង ដែលអាចបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព និងគុណភាពនៃការទទួលព័ត៌មានរបស់ពលរដ្ឋពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាវិស័យផ្សេងទៀតក្នុងសង្គម»។

អនុរដ្ឋលេខាធិការ សង្កត់ធ្ងន់អំពីជំហររបស់ក្រសួងព័ត៌មានក្នុងការជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាថាទិន្នន័យបរិស្ថានសម្រាប់ផ្សព្វផ្សាយជូនសាធារណជនមានភាពត្រឹមត្រូវ សុក្រឹត និងទុកចិត្តបាន។

អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់រាប់បញ្ចូលទាំងអ្នកទទួលព័ត៌មានផង ឲ្យប្រើប្រាស់ព័ត៌មានដោយភាពស្មោះត្រង់ សុច្ចរិតភាព គោរពភាពជាម្ចាស់ប្រទេស ប្រកបដោយការទទួលខុសត្រូវ ដែលកត្តាទាំងនេះមានសារៈសំខាន់ សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដើម្បីធានាថាព័ត៌មានបម្រើដល់ប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ៕





































Leave a Reply