សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗ ១៥ចំណុចដល់សមាគមអតីតយុទ្ធជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលប្រារព្ធធ្វើឡើងនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន១៥ដូចខាងក្រោម៖

១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលឱ្យបានទាន់ពេលវេលា និងទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល។

២-ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងបន្តប្រមូល និងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និង វែង ការផ្តល់អាហារូបករណ៍ ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ជួយសម្រួល និងកែលម្អ ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ។

៤-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូន អតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និង និវត្តជន ដែលក្រីក្រពិតប្រាកដ។

៥-សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។ សម្តេចសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារ អតីតយុទ្ធជន និងនិវត្តជនខ្លួនឯង មានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា អាជ្ញាធរ ដែនដី សប្បុរសជននានា និង បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារ:។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និង និវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និងនិវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់។

៦-ក្រសួងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូល គម្រោងអភិវឌ្ឍអតីតយុទ្ធជន និង និវត្តជន នៅតាមថ្នាក់នីមួយៗ ។ អាជ្ញាធរដែនដីត្រូវយកចិត្ត ទុកដាក់ពិនិត្យ និង ជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ ផ្សេងៗ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្ស សត្វព្រៃ ក៏ដូជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និង លទ្ធភាពរបស់បងប្អូនជាក់ស្តែង។

៧-ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គមេបញ្ជាការ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និង អង្គភាពនគរបាលជាតិគ្រប់លំដាប់ថា្នក់ និង បណ្តាអង្គភាពឈរជើងនៅគ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា នៅក្បែរតំបន់ឈរជើងរបស់ខ្លួនឱ្យបានជិតស្និទ្ធបំផុត និង ចុះជាប់រួមសុខរួមទុក្ខជាមួយ អតីតយុទ្ធជនដោយមិនគិតពីអតីតភាព

៨-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំង គ្រប់ថ្នាក់ឱ្យបានរឹងមាំ និង ស្ថិតស្ថេរគង់វង្ស ។ ភាពរឹងមាំរបស់សមាគម គឺអាស្រ័យលើកត្តា ៣ យ៉ាង គឺ៖ ទី១). មានគោលការណ៍ និង មាគ៌ាសកម្មភាពត្រឹមត្រូវ, ទី២). មានរចនាសម្ព័ន្ធខ្សែរយៈចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និង ទី៣).មានហិរញ្ញវត្ថុសម្រាប់ ទ្រទ្រង់សម្មភាពចាំបាច់របស់ខ្លួន ។

៩-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវគោរព និង អនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្ដមហាសន្និបាតសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា អនុវត្តរបបធ្វើការ តាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់ថ្នាក់ ត្រូវអនុវត្តរបបសន្និបាត និង របបប្រជុំ ឱ្យបាន ទៀងទាត់តាមការកំណត់ ហើយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជាគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវអនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ ។

១០-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវពង្រឹង និង ពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់អតីតយុទ្ធជន និង និវត្តជន។

១១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និង សហការ ល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ។

១២- នៅតាមក្រសួងស្ថាប័ន ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ឱ្យបានឆាប់រហ័ស ស្របតាមលក្ខន្តិកៈ និង គោលការណ៍ណែនាំរបស់សមាគម អតីតយុទ្ធជន និង និវត្តជនកម្ពុជា ។

១៣-សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនា ប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជនគឺ៦ ទី១). ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២). ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និង ទី៣). ការអភិវឌ្ឍសមាគម និង សង្គមជាតិពូកែ។

១៤-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និង ការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយ របស់សប្បុរសជននានា ដោយអនុវត្តឱ្យ បានល្អ ឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់។

១៥-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ បណ្តាសមាគមអតីតយុទ្ធជន និង ចលនាអតីតយុទ្ធជននៃប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក៕