
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ នៅថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា រាប់រយឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចន្លោះពីពេលនេះដល់ឆ្នាំ ២០២៨ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសទាំងនោះ។
សិក្ខាសាលាដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើមនេះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដើម្បីកំណត់សុពលភាព នៃផែនទីបង្ហាញផ្លូវ សម្រាប់គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ជាក់ពីការរៀបចំដំណើរការអនុវត្តន៍នានា។

នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «គំនិតផ្តួចផ្តើមលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការដាក់បញ្ចូលដំណោះស្រាយឌីជីថលទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីឱ្យសហគ្រាសទាំងនោះកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ភាពធន់ និងការត្រៀមខ្លួនសម្រាប់អនាគត។ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និងសមាគមឧស្សាហកម្មជាច្រើន យើងមានគោលបំណងធានាថា សហគ្រាសកម្ពុជាអាចរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល»។
លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា «គំនិតផ្តួចផ្តើមនេះ នឹងផ្តល់ឱ្យហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា នូវឧបករណ៍អនុវត្តជាក់ស្តែង ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ ដោយផ្តោតលើវិស័យសំខាន់ៗ យើងអាចតម្រង់ទឹសការប្រើប្រាស់ធនធានទៅរកផ្នែកទាំងឡាយនៃសេដ្ឋកិច្ច ដែលដំណោះស្រាយឌីជីថល នឹងផ្តល់ផលជះធំធេងលើ សមត្ថភាពប្រកួតប្រជែង ការបង្កើតការងារ និងសហគ្រិនភាពរបស់ស្ត្រី»៕







































Leave a Reply