ក្រសួងសុខាភិបាល ណែនាំឪពុក-ម្តាយ និងអ្នកថែទាំកុមារ ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញា នៃជំងឺពងបែកដៃ ជើង និងមាត់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ ឪពុក-ម្តាយ និងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញា នៃជំងឺពងបែកដៃ ជើង និងមាត់ ខណៈក្រសួងរកឃើញជំងឺនេះ នៅលើកុមារ ពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល សមស្របតាមមូលដ្ឋានសុខាភិបាល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ១សូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀ នឬមណ្ឌលទារកដ្ឋាន។ ឪពុក ម្តាយ និងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្ន ចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញទាន់ពេល ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺ ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ»។

លើសពីនេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។

ជំងឺនេះ ក៏ជាជំងឺមួយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងដែរ តាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែកលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្សទៅសត្វ ឬពីសត្វមកមនុស្សឡើយ៕