លោក Trump និយាយថា ការវាយប្រហារលើទីក្រុង Doha មិនបានជួយដល់អ៊ីស្រាអែល ឬអាមេរិកឡើយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅក្រុមហាម៉ាស់ក្នុងប្រទេសកាតា “មិនជួយជំរុញគោលដៅរបស់អាមេរិកឬអ៊ីស្រាអែលឡើយ ” ដោយបន្ថែមថា លោកមានអារម្មណ៍ថា “វាអាក្រក់ណាស់” ចំពោះទីតាំងនៃការវាយប្រហារនេះ។

នៅក្នុងការបង្ហោះលើTruth Social កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា លោកត្រូវបានគេជូនដំណឹងថា អ៊ីស្រាអែលកំពុងវាយប្រហារក្រុមហាម៉ាស់ក្នុងរដ្ឋធានី Doha ប៉ុន្តែវាជា “អកុសលដែលយឺតពេលក្នុងការបញ្ឈប់ការវាយប្រហារ” មួយនេះ។

លោកបាននិយាយថា “នេះគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលគឺលោក Netanyahu វាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេ” លោកបាននិយាយមុនពេលលើកសរសើរ Qatar ថាជា “សម្ព័ន្ធមិត្ត និងជាមិត្តដ៏រឹងមាំ”។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានអនុញ្ញាតឱ្យមានការវាយប្រហារនេះ ហើយនឹងមិនមាន “អភ័យឯកសិទ្ធិ” សម្រាប់មេដឹកនាំក្រុមហាម៉ាស់ទេ។

ប្រភព: BBC news