លិចទូកនៅវៀតណាម អ្នកស្លាប់កើនឡើងដល់ ៣៧ នាក់

HA LONG BAY, ប្រទេសវៀតណាម៖ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងមនុស្ស៥នាក់ដែលបាត់ខ្លួននៅថ្ងៃអាទិត្យ ទី ២០ ខែកក្កដា បន្ទាប់ពីអ្នកស្លាប់កើនដល់៣៧នាក់នៅពេលទូកមួយបានក្រឡាប់នៅតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសវៀតណាម។ 

ទូកដែលដឹកអ្នកទេសចរណ៍ជាក្រុមគ្រួសារនៅឈូងសមុទ្រ Ha Long ដ៏ល្បីល្បាញរបស់វៀតណាមត្រូវបានវាយប្រហារដោយព្យុះកាលពីថ្ងៃសៅរ៍។

គេហទំព័រព័ត៌មាន VNExpress បានរាយការណ៍ថាទូកទេសចរណ៍ “Wonder Sea” បានដឹកអ្នកដំណើរចំនួន៤៨ នាក់ និងបុគ្គលិកបម្រើការ៥នាក់នៅពេលដែលវាក្រឡាប់ដោយសារតែភ្លៀងធ្លាក់ខ្លាំងភ្លាមៗ។

មនុស្សដែលជិះនៅលើទូកភាគច្រើនជាក្រុមគ្រួសារមកពីរដ្ឋធានីហាណូយ ដោយមានកុមារជាង ២០នាក់ក្នុងចំណោមអ្នកដំណើរទាំងអស់។

រយៈពេលពេញមួយយប់សាកសពសមាជិកនាវិក៣នាក់ត្រូវបានរកឃើញនៅក្នុងកាប៊ីន ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្តរហូតដល់ព្រឹកថ្ងៃអាទិត្យ ដើម្បីស្វែងរកមនុស្ស ៥ នាក់ដែលនៅតែបាត់ខ្លួន។

ប្រភព: CNA news