
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាងកកទេ បើទោះបីកម្ពុជាមានអាវុធអាចប្រើប្រាស់បានក៏ដោយ ខណៈសម្តេចតេជោក៏ថ្លែងបែបចំអកដែរថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី។ សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោបន្តថា ហេតុអ្វីកម្ពុជាបញ្ជូនទ័ពទៅកាន់ព្រំដែន គឺមកពីរឿងកើតឡើងពីថ្ងៃទី២៨ ខែឧសភា ដែលថៃលបបាញ់យោធិនកម្ពុជាពលីនៅក្នុងលេណដ្ឋាន ដូច្នេះកម្ពុជាមានសិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដី កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាងកកទេ ទោះបីកម្ពុជាមានអាវុធអាចប្រើប្រាស់បានក៏ដោយ។
សម្តេចតេជោ ក៏បានថ្លែងបែបចំអកដែរថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១នោះជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវយុទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ។
សម្តេចក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែសម្តេច បានបញ្ជាក់ថា តាមច្បាប់អន្តរជាតិគឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ខណៈតំបន់ផ្សេងៗទៀត នឹងបន្តដោះស្រាយគ្នាទ្វេភាគី៕



Leave a Reply