នាយករដ្ឋមន្ដ្រីកម្ពុជា ណែនាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តធ្វើជាគំរូនៃភាពស្អាតស្អំ តាមរយៈធ្វើតេស្តរកសារធាតុញៀន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តធ្វើជាគំរូនៃភាពស្អាតស្អំ និងអភិបាលកិច្ចល្អ តាមរយៈការធ្វើតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើជាប់ជាប្រចាំ។

នេះបើយោងតាមសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

បើតាមសារលិខិតដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគ្រប់ភាគីពាក់ព័ន្ធ បន្តស្មារតីរួមនិងចលនាជាតិមួយក្នុងការចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយដល់គ្រប់ មជ្ឈដ្ឋានទូទាំងប្រទេស អំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន និងបង្កើនភាពជឿជាក់សម្រាប់រាល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបថា «មួយជីវិតគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន»។

សម្ដេច គូសបញ្ជាក់ថា «គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តធ្វើជាគំរូនៃភាពស្អាតស្អំ និងអភិបាលកិច្ចល្អ តាមរយៈការធ្វើតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ និងមាន វិធានការម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជននានាដែលស្ម័គ្រចិត្តចូលរួមអនុវត្តបទបញ្ជានេះ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវឱ្យផ្សព្វផ្សាយ អប់រំ និងណែនាំ ឱ្យបានទូលំទូលាយដល់សិស្សានុសិស្សកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក វេប ស៊ីហ្សា ដែលអាចប៉ះពាល់ដល់សុខភាពនិងប្រព័ន្ធប្រសាទរបស់យុវវ័យដែលជាទំពាំងស្នងឫស្សី៕