
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ស្មារតីស្នេហារជាតិ និងឆន្ទៈគាំទ្រ របស់ពលរដ្ឋខ្មែរ ដែលផុសឡើងខ្ពស់នាពេលនេះ មិនបានកើតឡើង ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា ប្រើល្បិចកល ឬរៀបគម្រោងអ្វីមួយ ដើម្បីចំណេញគោលនយោបាយផ្ទៃក្នុងរបស់ខ្លួនឡើយ គឺផុសឡើងដោយស្មារតីជាតិនិយមពិតប្រាកដ ដែលកើតចេញពីការរងនូវការប្រមាថ និងមើលងាយ ពីសំណាក់ភាគីថៃ រាប់ចាប់ពីចុងឆ្នាំមុន និងដើមឆ្នាំនេះ រហូតដល់ពេលដែលកើតមានបញ្ហាព្រំដែន ២៨ ឧសភា ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងនោះសម្តេចធិបតី បានរំលឹកថា ភាគីថៃ បានបំផុសជាតិនិយមខ្លួនឯង ក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍នយោបាយក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែប្រទេសថៃ បានដើរហួសបន្ទាត់ក្រហម ឈានដល់ការប្រកាសចង់ប្រើកងកម្លាំង ដើម្បីកាន់កាប់ទឹកដីកម្ពុជា ជាពិសេសតំបន់រសើប ដែលកំពុងកើតមាននោះ បានធ្វើឱ្យកម្ពុជា ត្រូវតែឆ្លើយតបវិញ ដោយមិនអាចបណ្តោយឱ្យប៉ះពាល់កិត្តិយសជាតិរបស់ខ្មែរឡើយ ជាពិសេសបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ។
សម្តេចធិបតី មានគូសបញ្ជាក់ថា ទាំងជាតិនិយម និងរឿងនយោបាយផ្ទៃក្នុងរបស់ថៃ ជាពិសេសអ្នកជ្រុលនិយម បានបង្កើតនូវស្មារតីជាតិនិយម ដែលបន្ទោសបង្អាប់មកលើកម្ពុជា ក៏រដ្ឋាភិបាលកម្ពុជា បន្តអត់ធ្មត់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ បានឃើញសកម្មភាពទាំងនេះ តាមបណ្តាញសារព័ត៌មាន ទើបកើតការឈឺចាប់ និងក្តៅក្រហាយ ជាពិសេសកាលពីថ្ងៃ២៨ ខែឧសភា កងកម្លាំងថៃ បានចូលមកបាញ់កងទ័ពខ្មែរក្នុងលេដ្ឋាន ដែលជាដែនអធិបតេយ្យភាពរបស់ខ្លួន ហើយភាគីថៃ បែរជាចោទប្រកាន់កម្ពុជាទៀត ថាជាអ្នកបាញ់មុន៕



Leave a Reply