ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើវិធានការ យកចកចេញពីបឹងឱ្យអស់

ភ្នំពេញ ៖ ថ្លែងក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការ យកចកចេញពីបឹងឱ្យអស់។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ការបង្កើតឱ្យមានកម្មវិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ ការប្រើប្រាស់និងជួញដូគ្រឿងញៀន។ ដើម្បីលុបបំបាត់គ្រឿងញៀនពីកម្ពុជា សំរាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសយកប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ការបង្ការ ប្រសើរជាងបង្ក្រាបនិងការព្យាបាល។ ដើម្បីឱ្យសង្គមមួយគ្មានគ្រឿងញៀន ត្រូវរួមគ្នាប្រឆាំងដាច់ខាត ចំពោះគ្រឿងញៀន។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ នៅលើពិភពលោក បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាស្មុកស្មាញ ដោះស្រាយមិនទាន់ចេញនៅឡើយទេ។ ក្នុងនោះសំរាប់កម្ពុជា ក៏មិនទាន់លុបបំបាត់គ្រឿងញៀន បាននូវឡើយដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅកម្ពុជា ក្នុង១ឆ្នាំចុងក្រោយនេះឃើញថា បញ្ហាគ្រឿងញៀននេះ ហាក់មានការថមថយគួរឱ្យកត់សំគាល់។

ជាក់ស្តែង ការប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន មានការថយចុះ។ ការកែច្នៃគ្រឿងញៀន ក៏ត្រូវបានលុបបំបាត់ស្ទើទាំងស្រុង។ នេះជាការបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕