នាយករដ្ឋមន្ដ្រីកម្ពុជា បង្ហាញការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់កោះប៉េណាំង នៃប្រទេសម៉ាឡេស៊ី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោក រដ្ឋមន្ដ្រី បានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។

ដើម្បីជំរុញវិស័យនេះ លោក រដ្ឋមន្ដ្រី បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹងនិងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ, ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍បែបវប្បធម៌ និងសិល្ប: រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី ក៏បានឯកភាពចំពោះការលើកឡើងរបស់ លោករដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ 

សម្ដេចបវរធិបតី ក៏បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជើងហោះហើរបន្ថែមទៀត។

ក្នុងន័យនេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងជំរុញការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា៕