
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា នៅទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។
សម្ដេចធិបតី បន្ដថា គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតី និងគោលបំណង គឺដូចគ្នា ៖ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។
សម្ដេច នាយករដ្ឋមន្ដ្រី បានអំពានាវបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។
សូមបញ្ជាក់ ចំពោះលិខិតផ្លូវការនេះ នឹងត្រូវប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ តាមរយៈស្ថានឯកអគ្គរដ្ឋទូតកម្ពុជាដែលទទួលខុសត្រូវប្រទេសហូឡង់ នៅថ្ងៃចន្ទនេះ៕





































Leave a Reply