រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា ៖ ថៃខាតបង់ចំណូលរាប់រយលានដុល្លារ បន្ទាប់ពីកម្ពុជាឈប់ប្រើអ៉ីនធឺណិតពីថៃ

ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ប្រទេសថៃ ខាតបង់ចំណូលរាប់រយលានដុល្លារ ក្រោយពេលប្រទេសកម្ពុជា ឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៉ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន»។

យោងតាមរបាយការណ៍រ បស់និយតករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ការជាវសេវាអ៊ីនធឺណិតចល័តមានចំនួន ១៨,២៦៦,៩៥៤ នាក់ និងការជាវសេវាអ៊ីនធឺណិតអចល័តមានចំនួន ៧១៥,៩៨០ នាក់។ សរុបទាំងពីរសេវានេះ បើធៀបនឹងឆ្នាំ២០២៣ គឺមានកំណើន ៧.៨១%។

សូមរំលឹកថា ឆ្លើយតបនឹងក្រុមជ្រុលនិយមថៃ ដែលគំរាមផ្តាច់ភ្លើង និងអ៉ីនធឺណិតឱ្យកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឈប់ទិញអគ្គិសនី និងអ៉ីនធឺណិត ពីប្រទេសថៃ យកមកផ្គត់ផ្គង់ដល់កម្ពុជាចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥តទៅ ដោយកម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបាន៕