សម្ដេចតេជោ ហ៊ុន សែន ៖ ប្រសិនបើថៃ នៅតែប្រមាថកម្ពុជា នឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ដោយប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលេីកឡេីងថា ប្រសិនបើថៃ នៅតែប្រមាថកម្ពុជានឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញ។ 

ការលេីកឡេីងបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ ឆ្លើយតបនឹង Comment របស់លោក ឌួង ឆាយ ក្នុងសារផ្ដល់យោបល់ បិទការផ្សាយភាពយន្តថៃ នឹងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា។

តាមរយៈសារ Comment ឆ្លេីយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ថ្ងៃមុនពុកទប់ស្កាត់ កូនលើកឡើងលើការធ្វើពហិការមិនប្រើទំនិញថៃ ព្រោះមិនទាន់ដល់ពេលនិងទុកពេលចរចាសិន។ ពេលនេះដល់ពេលហើយដែលយើងត្រូវធ្វើ។ អុីនធើណែតថៃ បាត់ចំណូលក្នុង មួយឆ្នាំប្រមាណជាង ១០០លានដុល្លារ។ ខ្សែភាពយន្តលែងបានបញ្ចាំងដែលខាតលុយផង មិនបានផ្សព្វផ្សាយវប្បធម៍ខ្លួនផង។ ប្រសិនបើនៅតែប្រមាថកម្ពុជាយើង និងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សាដែលមួយឆ្នាំប្រមាណជាង ៤ពាន់លានដុល្លារ”។ 

សម្ដេចតេជោ ហ៊ុន សែន បន្ដថា “យើងចង់ទំនាក់ទំនងល្អតែបើគេមិនចង់ធ្វើមិត្តជាមួយយើង គឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ។គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង”៕