យន្តហោះចម្បាំងចិនហោះប្រដេញស្ទើរតែប៉ះគ្នាជាមួយយន្តហោះល្បាតជប៉ុន

តូក្យូ: ក្រសួងការពារជាតិជប៉ុនបាននិយាយនៅថ្ងៃពុធទី១១ខែមិថុនាថា យន្តហោះចម្បាំងចិនបានហោះខុសពីធម្មតាទៅជិតយន្តហោះល្បាតរបស់ទាហានជប៉ុនកាលពីចុងសប្តាហ៍ ខណៈដែលនាវាផ្ទុកយន្តហោះចិនពីរគ្រឿងបានប្រត្តិបត្តិការលើកដំបូងនៅលើមហាសមុទ្រប៉ាស៊ីហ្វិច។

ប្រទេសជប៉ុនបាននិយាយថា កាលពីថ្ងៃសៅរ៍ យន្តហោះចិនមួយគ្រឿងប្រភេទ J-15 ហោះចេញពីនាវាផ្ទុកយន្តហោះ Shandong បានដេញតាមយន្តហោះល្បាតជប៉ុន P-3C ប្រមាណ៤០នាទី។ សេចក្ដីរាយការណ៍បានបន្ថែមទៀតថា នៅថ្ងៃអាទិត្យយន្តហោះ J-15 បានដេញតាមយន្តហោះP-3C ចំនួន៨០នាទីដោយឆ្លងកាត់ពីមុខយន្តហោះជប៉ុននៅចម្ងាយត្រឹមតែ៩០០ម៉ែត្រតែប៉ុណ្ណោះ។

ក្នុងរយៈពេល២ថ្ងៃ យន្តហោះ J-15 របស់ចិននៅទីតាំងខ្លះបានហោះមកជិត៤៥ម៉ែត្រពីយន្តហោះជប៉ុនតែប៉ុណ្ណោះ។

ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារ៍ថា ប្រតិបត្តិការនេះជាសមយុទ្ធ និងជាការហ្វឹកហ្វឺនដែលមិនបានកំណត់ឬសំដៅទៅប្រទេសណាមួយនុះទេ។

ប្រភព: CNA news