ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅស្រុកបាភ្នំ បង្ហាញភាពសប្បាយរីករាយ ក្រោយទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា 

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ រួមជាមួយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណ:កម្មាធិការគណបក្សខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួន ទៅជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅឃុំជើងភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានថ្លែងថាពិធីជួបសំណេះសំណាលនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

អំណោយដែលបាននាំយកមកចែកជូននៅពេលនោះ គឺជាការរួមចំណែកតូចមួយ ដើម្បីសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត និងសូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តសាមគ្គីគ្នា ប្រកបរបរកសិកម្ម និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួនផងដែរ។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏ដូចជាអំណោយដ៏ថ្លៃថ្លានេះ។ បងប្អូនប្រជាពលរដ្ឋ បានបង្ហាញពីការគាំទ្រពេញទំហឹង ចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍៕